សូមប្រយ័ត្ន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា នៅភ្នំពេញ​ និងបណ្តាខេត្តទាំងនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត!

កាលពីប៉ុន្មាននាទីមុននេះ ផេកផ្លួវការរបស់ក្រសួង ធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស ទាក់ទងនឹង អាកាសធាតុ នៅក្នុងថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០។

ក្នុងនោះ សម្ពាធទាបសកម្មមួយ កំពុងស្ថិតនៅលើភាគកណ្តាល ប្រទេសហ្វីលីពីន។ តាមការព្យាករ សម្ពាធទាបសកម្មនេះ​ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួន ជាបន្តបន្ទាប់ ជាព្យុះទី១៧ ឈ្មោះសូឌែល ដោយធ្វើដំនើរចូលក្នុងប៉ែកខាងលើភាគខាងត្បូង នៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយថមថយឥទ្ធិពលទៅជា វិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តអូសបន្លាយ ពីលើកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖

១) បណ្តាខេត្ត នៅតំបន់វាលទំនាប រួមមានខេត្ត សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល​ និងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ច្រើនជាប់បន្ត។

២) បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាប និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមានខេត្ត ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។

៣) តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជនជ្រាបពីព័ត៌មាន ពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង​ជាយថាហេតុ៕